ដំណើរទស្សកិច្ចរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា តបតាមការគោរពអញ្ជើញពីក្រុមហ៊ុន N. C. X. Co., Ltd.

26/05/2018

ក្រុមហ៊ុន អិន ស៊ី អិច  មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងដែលមានឱកាសសម្តែងនូវគារវកិច្ចស្វាគមន៌ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចរោងចក្រម៉ូតូ ហុង ដា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

សម្តេច សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយឥតឧបមា ដែលបានមកទស្សនាក្រុមហ៊ុន អិន ស៊ី អិច  ជារោងចក្រតម្លើងម៉ូតូហុងដានៅកម្ពុជានិងក្រោយស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដែលមានកម្រិតកើនឡើងជាលំដាប់ ឆ្លើយតបបានយ៉ាងស័ក្តិសមទៅនឹងកម្មវិធីនយោបាយ ស្របតាមយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រោយឆ្លងតាមការទស្សនានូវសកម្មភាពជាក់ស្តែងនៅរោងចក្រ សម្ដេច មានការរំភើបរីករាយណាស់ ដែលបានឃើញសង្វាក់ផលិតកម្ម បំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពផលិតម៉ូតូបាន ១,២០០គ្រឿងក្នុងមួយថ្ងៃ ហើយសម្ដេចសប្បាយរីករាយ ពេលឃើញកម្មករ កម្មការិនី ដែលទទួលបាននូវចំណេះដឹង ចំណេះធ្វើ ពីបច្ចេកវិទ្យាថ្មី ទំនើប ហើយបំពេញភារកិច្ចដោយសប្បាយរីករាយ ស្វាហាប់ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

សូមជម្រាបថា លោកបណ្ឌិត ខាំ ឆៃ កៀត ស្រ៊ីថាណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច  បានជំរាបជូនប្រតិភូអំពីប្រវត្តិក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនតែមួយគត់ ទទួលអាជ្ញាប័ណ្ណនាំចូលផលិត និងចែកចាយផលិតផលម៉ូតូម៉ាកហុងដា តាំងពីឆ្នាំ១៩៩២ ជាលក្ខណៈខ្នាតតូច។ នៅឆ្នាំ១៩៩៩ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល និងផ្អែកតាមតម្រូវការទីផ្សារ ក្រុមហ៊ុន អិន ស៊ី អិច បានអនុវត្តជំហានដំបូង ដោយបង្កើតរោងចក្រខ្នាតតូចមួយ នៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ដោយបរិមាណផលិតក្នុងមួយថ្ងៃបានប្រមាណ៥០គ្រឿង។

ផ្អែកលើកត្តាសន្តិភាព និងមានការគាំទ្រពីអតិថិជនកាន់តែច្រើន ក្រុមហ៊ុន អ៊ិន ស៊ី អិច បានបង្កើតរោងចក្រខ្នាតធំឡើង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្នឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មកទល់ពេលនេះ ក្រុមហ៊ុនបានដំណើរការអាជីវកម្មរបស់ខ្លួន២៦ឆ្នាំហើយ ដោយបានប្រែក្លាយជាក្រុមហ៊ុន មានរោងចក្រតំឡើង និងផលិតគ្រឿងបំណែកម៉ូតូធំជាងគេនៅកម្ពុជា៕