ឱកាសការងារ

ក្រុមហ៊ុនអិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេលើវិស័យឧស្សាហកម្មផលិតម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបច្ចុប្បន្នមានបុគ្គលិកកំពុងបម្រើការងារក្នុងក្រុមហ៊ុនប្រមាណជាងមួយពាន់នាក់។ ក្រុមហ៊ុនយើងគឺជានិយោជកល្អបំផុតមួយដែលជាជម្រើសសម្រាប់បុគ្គលិកដែលមានទេពកោសល្យ ព្រោះក្រុមហ៊ុនយើងតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខ្លួនធនធានមនុស្ស និងផ្តល់ឱកាសស្មើៗគ្នាដល់បុគ្គលិកនីមួយៗឱ្យទទួលបាននូវភាពរីកចម្រើនជាមួយក្រុមហ៊ុន។ ក្រុមហ៊ុនយើងជឿជាក់យ៉ាងមុតមាំលើគោលគំនិតអាជីវកម្មដែលថាត្រូវអភិវឌ្ឍទេពកោសល្យរបស់ខ្លួនជាចម្បងពីខាងក្នុង និងផ្តល់ឱកាសឱ្យបុគ្គលិកទទួលបាននូវភាពត្រចះត្រចង់។ ម្យ៉ាងវិញទៀត បុគ្គលិកដែលបម្រើការងារឱ្យក្រុមហ៊ុនយើងនឹងទទួលបាននូវអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេស និងបរិយាកាសការងារពហុវប្បធម៌របស់ក្រុមហ៊ុន ដែលនឹងជួយបង្កើតឱកាសទទួលបានការងារល្អៗក្នុងទីផ្សារសម្រាប់ខ្លួននៅពេលដែលចង់ផ្លាស់ប្តូរ ហើយលោកអ្នកក៏នឹងទទួលបាននូវរូបមន្តសម្រាប់ភាពជោគជ័យក្នុងអាជីពការងាររបស់លោកអ្នកផងដែរ។

ឱកាសការងារយូរអង្វែង និងមានស្ថេរភាព

ដោយមានដើមទុនហិរញ្ញវត្ថុស្រាប់ការវិនិយោគដ៏រឹងមាំ និងការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន ក៏ដូចជាមានបណ្តាញចែកចាយផលិតផលរបស់ខ្លួននៅទូទាំង ប្រទេស ក្រុមហ៊ុនយើងបានផ្តល់ឱកាសជាច្រើនជូនដល់បុគ្គលិកឱ្យទទួលបាននូវភាពជោគជ័យលើការងាររបស់ខ្លួន។

ដោយបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ឱកាសជាច្រើន ជូនដល់បុគ្គលិក ឱ្យទទួលបានការរីកចម្រើនលើអាជីពការងារ ក្រុមហ៊ុនយើងបានដាក់ចេញនូវផែនការសម្រាប់ធ្វើការបណ្តុះបណ្តាល និងជ្រើសរើសអ្នកស្នងជំនួសលើតួនាទីសំខាន់ៗមួយចំនួនដើម្បីឱ្យបុគ្គលិករបស់យើងទទួលបាននូវឱកាសទៅកាន់តួនាទីកាន់តែខ្ពស់ និងប្រសើរជាងមុន។ ក្រុមហ៊ុនយើងតែងតែប្រកាន់ខ្ជាប់នូវការប្រតិបត្តិដោយយុត្តិធម៌ត្រឹមត្រូវ និងមានតម្លាភាពចំពោះគ្រប់បុគ្គលិកទាំងអស់ និងគោរពបានយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

កញ្ចប់អត្ថប្រយោជន៍ហិរញ្ញវត្ថុ

  • ប្រាក់ខែគោលខ្ពស់ប្រកួតប្រជែងបានលើទីផ្សារការងារ និងប្រាក់ឈ្នួលគោលអប្បបរមាខ្ពស់ជាងអត្រាកំណត់នៅលើទីផ្សារការងារ។
  • ការតម្លើងប្រាក់ខែគោលប្រចាំឆ្នាំ។
  • ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើលទ្ធផលបំពេញការងាររបស់បុគ្គលិក។
  • ការផ្តល់ជូនប្រាក់រង្វាន់មកបំពេញការងារទៀងទាត់។
  • ការផ្តល់ជូនប្រាក់ឧបត្ថមប្រចាំតាមផ្នែកនីមួយៗ។
  • ការផ្តល់ជូនប្រាក់ឧបត្ថមសម្រាប់ការធ្វើដំណើរ។
  • ការផ្តល់ជូនប្រាក់ឧបត្ថមសម្រាប់ទ្រទ្រង់សុខភាព។
  • ការផ្តល់ជូនប្រាក់ឧបត្ថមសម្រាប់ការបំពេញការងារវេនយប់។
  • ការផ្តល់ជូនប្រាក់រង្វាន់អតីតភាពការងារ។
  • ការផ្តល់ជូនប្រាក់ឧបត្ថមថ្លៃអាហារ។
  • ការផ្តល់ជូនប្រាក់ឧបត្ថមថ្លៃទឹកដោះគោសម្រាប់ទារក។
  • ការផ្តល់ជូនប្រាក់ឈ្នួលពេញ១០០% រយៈពេល៣ខែ សម្រាប់កម្មករនិយោជិតជាស្រ្តីក្នុងអំទ្បុងពេលសម្រាកលំហែរមាតុភាព។

កញ្ចប់អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ

  • ការ​ផ្តល់ជូនសេវាធានា​រ៉ាប់​រង។
  • ការ​ផ្តល់ជូនឯកសណ្ឋានការងារ។​
  • ការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ទាំងទ្បាយដែលបានធានាដោយច្បាប់ស្តីពីការងារ និង
  • ការផ្តល់ជូនបន្ថែមនូវការឈប់សម្រាកចំនួន២ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។

ក្រុមហ៊ុនអិន ស៊ី អិចប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តខ្ពស់ដែលអាចប្រកួតប្រជែងក្នុងទីផ្សារបាន ដើម្បីទាក់ទាញ ជំរុញលើកទឹកចិត្ត និងរក្សាឱ្យបាននូវធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាផ្នែកមួយនៃសមាជិកក្រុមដែលពោរពេញដោយសមត្ថភាពចម្រុះបំផុត។ ប្រាក់បៀវត្ស និងកញ្ចប់អត្ថប្រយោជន៍របស់យើងត្រូវបានរៀបចំបង្កើតទ្បើងដើម្បីលើកទឹកចិត្តដល់បុគ្គលិក ដែលបានខិតខំប្រឹងប្រែង និងព្យាយាមបង្ហាញពីគុណតម្លៃរបស់ក្រុមហ៊ុនតាមរយៈសកម្មភាព ការសម្រេចចិត្ត ការរួមចំណែកដោយផ្ទាល់ខ្លួន និងការរួមចំណែកក្នុងក្រុមការងាររបស់ពួកគេដល់ភាពជោគជ័យរបស់ក្រុមហ៊ុនយើង។

បុគ្គលិកដែលធ្វើការងារជាមួយក្រុមហ៊ុនយើង នឹងរីករាយជាមួយកញ្ចប់អត្ថប្រយោជន៍ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដូចជាកញ្ចប់អត្ថប្រយោជន៍ស្តង់ដារដែលបានធានាដោយច្បាប់ស្តីពីការងារ ការផ្តល់ជូនឯកសណ្ឋាន គុណតម្លៃនៃបរិយាកាសការងារល្អ  ឱកាសទទួលបានការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងប្រាក់បៀវត្សខ្ពស់ប្រកួតប្រជែងបាននៅលើទីផ្សារការងារ។

ប្រាក់បៀវត្សខ្ពស់ធៀបទៅនឹងទីផ្សារការងារ

វប្បធម៌ផ្អែកលើការអនុវត្ត

ការវាយតម្លៃការងារត្រូវបានរៀបចំឡើង ដើម្បីបង្កើតឱ្យមានទំនាក់ទំនងដ៏រឹងមាំរវាងការផ្តល់រង្វាន់លើកទឹកចិត្ត និងការបំពេញការងារ។ ការវាយតម្លៃការងារត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ហើយលទ្ធផលដែលទទួលបានពីការវាយតម្លៃនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើការសំរេចចិត្តលើការតម្លើងប្រាក់ឈ្នួលគោលប្រចាំឆ្នាំ ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ និងការតម្លើងតួនាទីជូនដល់បុគ្គលិក។ ភាពស្របគ្នា តម្លាភាព និងភាពយុត្តិធម៌ត្រូវបានធានាក្នុងដំណើរការវាយតម្លៃការងារប្រចាំឆ្នាំ ដែលលទ្ធផលនៃការបំពេញការងាររបស់បុគ្គលិកនីមួយៗ ត្រូវបានវាយតម្លៃជាតំបូងដោយ ប្រធានគ្រប់គ្រងផ្ទាល់ ហើយប្រធានគ្រប់គ្រងបន្ទាប់​នឹងពិនិត្យលទ្ធផលដែលទទួលបាននិងប្រៀបធៀបលទ្ធផលវាយតម្លៃរបស់បុគ្គលិកទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដើម្បីកំណត់ចំណាត់ថ្នាក់។

ក្រុមហ៊ុនអិន ស៊ី អិចប្តេជ្ញាចិត្តផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតឱ្យមានកម្មវិធីសិក្សា និងការអភិវឌ្ឍផ្សេងៗជាច្រើន។ ក្រុមហ៊ុនយើងមានឆន្ទៈក្នុងការអភិវឌ្ឍបុគ្គលិកទាំងអស់ឱ្យទទួលបានភាពជោគជ័យ ដោយធានាថាបុគ្គលិកនីមួយៗមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីបំពេញតួនាទីបច្ចុប្បន្នរបស់ខ្លួន ហើយក្រុមហ៊ុនក៏បន្តផ្តល់ជូននូវឱកាសទទួលបានការសិក្សារៀនសូត្រ និងការអភិវឌ្ឍខ្លួនបន្ថែមជានិច្ចដើម្បីជួយដល់បុគ្គលិកនីមួយៗក្នុងការបំពេញការងាររបស់ខ្លួនជូនដល់ក្រុមហ៊ុន។

សកម្មភាពបណ្តុះបណ្តាលជាច្រើន ដែលក្រុមហ៊ុនរបស់យើងតែងតែរៀបចំទ្បើង សម្រាប់បុគ្គលិករបស់ខ្លួន រួមមានការផ្តល់ពេលវេលាឈប់សម្រាកសម្រាប់ការសិក្សារៀនសូត្រ ការបណ្តុះបណ្តាលជំនាញវគ្គខ្លីៗ ការណែនាំនិងប្រឹក្សាយោបល់ ការហ្វឹកហាត់ការងារ និងការបញ្ជូនឱ្យទៅបំពេញការងារក្រៅប្រទេសជាដើម។

បន្ថែមលើកម្មវិធីបណ្តុះពណ្តាលនៅក្នុងស្រុកខាងលើ ក្រុមហ៊ុនយើងក៏មានផ្តល់ការបណ្តុះបណ្តាលនៅក្រៅប្រទេសជូនដល់បុគ្គលិកផងដែរ។ បុគ្គលិកមួយចំនួនរបស់យើងត្រូវបានបញ្ជូនឱ្យទៅធ្វើការងារនៅឯនាយសមុទ្រដើម្បីទទួលបានបទពិសោធន៏ និងរៀនពីបទដ្ឋានការងារជាលក្ខណៈអន្តរជាតិ ពង្រីកបណ្តាញទំនាក់ទំនង និងនាំយកនូវជំនាញ និងចំណេះដឹងជាលក្ខណៈអន្តរជាតិទាំងនោះត្រលប់មកមាតុប្រទេសវិញ។

តែងតែវិនិយោគលើការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងបង្ហាត់បង្រៀន